ទីបំផុត សម្តេចតេជោ សម្រេចតែងតាំងលោកគួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុ ជំនួស លោក យន្ត មីន

សង្គម

លោក យន្ត មីន សម្តែងនូវការ សោកស្តាយ និងសុំការអភ័យទោសពីក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់ ការទទួលខុសត្រូវក្នុងឧប្បវហេតុនេះលោកបានស្នើសុំសម្តេចតេជោ ហ៊ុន សែន លាលែងពីតំណែង ដោយយកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ នៅក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារតាមរយៈទំព័រហ្វេសបុកផ្លូវការរបស់សម្តេចថា៖

“ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត ព្រះសីហនុបានទទួលស្គាល់កំហុសលើ ការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។ គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។

ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិងបានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀតរហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង។

ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការ ទទួលខុសត្រូវនិងភូតភរ”៕