បច្ចុប្បន្នវត្តឈើខ្មៅ ត្រូវបានគេចាត់ទុកថា ជាទីអារាមព្រះពុទ្ធសាសនាមួយដែលមានអាយុកាលជិត២០០ឆ្នាំមកហើយ វត្ដឈើខ្មៅ មានទីតាំងនៅលើទួលមួយ ដែលកាលពីដើមឡើយលើទួលនេះសំបូរទៅដោយដើមឈើខ្មៅ ហើយគេបានកាប់ឈើនោះ យកមកធ្វើព្រះវិហារ ទើបគេអោយឈ្មោះថាវត្ដឈើខ្មៅ។
វត្ដឈើខ្មៅបានសាងសង់នៅឆ្នាំ ១៨៨៧ ជំនាន់ព្រះគ្រូចៅអធិការព្រះនាម សឿ ហើយទួលនេះគឺជាទួលសក្ដិសិទ្ធិនៅក្នុងតំបន់ទនេ្លសាប ទោះបីជា មានទឹកជំនន់ធំប៉ុណ្ណាក៏ទួលដែលសាងសង់ព្រះវិហារនេះពុំដែលលិចទឹកទេ ហេតុនេះទើបអ្នកស្រុកប្រសិទ្ធិនាមថា ទួល អណ្ដែត។
លើសពីនោះទៅទៀត វត្តនេះមានរឿងដំណាល់ថា មានអណ្ដើកយក្សមួយដែលមានរិទ្ធិបារមី ដែលនៅចាំទ្រពីក្រោម ដើម្បីកុំអោយវត្តនេះលិចក្នុងអំឡុង រដូវវស្សា ហើយវត្តនេះក៏មានទូកបុរាណដែលមានអាយុកាលច្រើនឆ្នាំផងដែរ។វត្តឈើខ្មៅនេះគឺជាវត្តបុរាណមួយដែលសាងសង់ឡើងនៅតំបន់ព្រៃរនាមដៃទន្លេសាប។
នៅរដូវប្រាំងព្រះវិហារនោះមើលទៅដូចជាប្រសាទមួយនៅកណ្តាលទន្លេ ដែលលិចធ្លោទៅលើអាកាស។ នៅលើទួលនេះមានសល់ទូក ង មួយគ្រឿងដែលគេកសាងឡើងតាំងពីពេលកកើតវត្តដែលទូកនេះធ្វើពីឈើខ្មៅ ដែលដុះនៅលើទួលនោះហើយមានបារមីសក្តិសិទ្ធិណាស់ប្រណាំងទូកពេលណាមិនដែលចាញ់គេទេ ។
ទាក់ទងនឹងការចង់ស្គាល់អំពីវិសាលភាពវត្តឈើខ្មៅនេះដែរ សព្វថ្ងៃយើងសង្កេតឃើញមានភ្ញៀវទេសចរ ដែលភាគច្រើនជាជនបរទេសនោះ នាំគ្នាទៅទស្សនាទីអារាមមួយនេះមិនដែលដាច់ ហើយពិតជាមិនគួរឲ្យជឿបន្ទាប់ពីបានមកដល់វត្តឈើខ្មៅដែលជាវត្តបុរាណមួយនៅខេត្តបាត់ដំបង ។
ហើយនោះគេសង្កេតឃើញមានព្រះវិហារសាងសង់ឡើងអំពីឈើ ក្នុងទំហំតូចល្មមមួយដែលមានរាងខុសប្លែកពីព្រះវិហារដទៃ ហើយអ្វីដែលអ្នកទេសចរចាប់អារម្មណ៍ខ្លាំងនោះគឺព្រះវិហារនៅវត្តឈើខ្មៅនេះត្រូវបានគេដឹងថាបានកសាងឡើង អំពីដើមឈើកម្រម្យ៉ាងពណ៌ខ្មៅ ។
វត្ដឈើខ្មៅ មានទីតាំងស្ថិតនៅតាមបណ្ដោយតំបន់ព្រៃលិចទឹក នៃបឹងទនេ្លសាបលើទួលមួយ ក្នុងភូមិកោះ ជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្ដបាត់ដំបងដែលមានចំងាយ ៥៤.១០ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបង រហូតទៅដល់វត្ដ។ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរទៅកាន់ទីនោះដោយមធ្យោបាយ កាណូត អូប័រ ដោយប្រើរយៈ ពេលប្រហែល ៤:៣០ ម៉ោង ឬ ៥:០០ ម៉ោងនៅរដូវវស្សា។