សូមកុំអោយបាត់បង់ កូនខ្មែរតិចណាស់ដែលស្គាល់ ឧបករណ៍​តន្ត្រី​បូរាណ​មួយនេះ ដែលវាស្ទើរតែបាត់ទាំងរូបរាង និងសំលេងទៅហើយ(មានវីដេអូ)

អង្គួច គឺជា​​ឧបករណ៍​តន្ត្រី​បូរាណ​ខ្មែរ​ប្រភេទវាយមួយ​បែប ដែល​លក្ខណៈពិសេសរបស់វា គឺប្រើជាមួយ​ខ្លែងឯកពី​សម័យ​បូរាណ​កាល​មក។ គេអាចប្រើវាដាច់ដោយឡែកពីខ្លែងឯកបាន ដោយវាយផ្ទាប់នឹងមាត់។ អង្គួច គឺជា​ឧបករណ៍​តន្ត្រី​បុរាណ​ខ្មែរ​មួយ ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​នៅ​តាម​ជន​បទ​ស្រុក​ស្រែ​ចំការ។ ពេល​ក្មេងៗ​ឃ្វាល​គោ​ក្របី កើត​ការ​អផ្សុក​ក៏នាំ​យក​មែក​ឫស្សី​មក​បិត​ចិត​ជា​ឧបករណ៍​នេះ​ឡើង ហើយ​នាំ​គ្នា​គោះ​លេង។ ជួប​កាល​គេគោះ​លេង​ម្នាក់​ឯង ជួន​កាល​គេ​គោះ​លេង​រួម​គ្នា​ពីរ ឬបី​នាក់ ជា​រៀង​រហូត​តៗ​គ្នា​មក។

ពេលខ្លះគេប្រើអង្គួចសម្រាប់សាសងស្នេហា រវាងមនុស្សស្រីនិងប្រុស។ ពីព្រោះតែទំនៀមទម្លាប់ខ្មែរយើងតឹងរឹង មិនឲ្យប្រុសនិងស្រីអាចជួបគ្នា សូម្បីតែជជែក ទើបយុវវ័យជំនាន់នោះ បង្កើតភាសាផ្ទាល់ខ្លួនតាមរយៈអង្គួច។ អង្គួច ក៏ត្រូវបានគេប្រើភ្ជាប់នឹងខ្លែងឯកដែរ។

គេ​មិន​សូវ​និយម​យក​ឧបករណ៍​អង្គួច ទៅ​ប្រគំ​ជា​មួយ​ឧបករណ៍​ដទៃ​ទៀត​ទេ។ ជួន​កាល​គេ​ប្រគំ​រួម​តែ​ឧបករណ៍​អង្គួច​សុទ្ធ​មាន​ពីរ​ បី ឬបួន ជួន​កាល​គេ​លេង​ទោល​ម្នាក់ៗ​ឯង ហើយ​ច្រើន​តែ​លេង​បទ​ណា​ដែល​ជា​បទ​តូចៗ​ស្រួលៗ​ ដូច​ជា បទ​ប្រជា​ប្រិយ​ខ្មែរ បទ​មហោ​រី​មួយ​ជាន់ៗ​។ល។

អង្គួច​ធ្វើ​អំពី​ឫស្សី​មាន​រាង​សំប៉ែត​ទ្រ​វែង រីឯ​អង្គួច​ធ្វើ​អំពី​ដែក​មាន​រាង​មូល​ស្រ​ដៀង​វង់​ព្រះ​ច័ន្ទ​ផង និង​រាង​ដូច​ស្លឹក​ឈើ​ផង ប៉ុន្តែ​អង្គួច​ទាំង​ពីរ​បែប​នេះ​ពុំ​សូវ​សំបូរ​ទេ​នៅ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃនេះ ហើយវាស្ទើរតែបាត់បង់ទាំងរូបរាង និងសម្លេង ហើយមានកូនខ្មែរតិចណាស់ដែលស្គាល់ ឧបករណ៍​តន្ត្រី​បូរាណ​មួយនេះ។

Written by