សម្តេចតេជោ ហ៊ុន សែន នឹងដាក់ទោសដ៏ធ្ងន់ធ្ងរបំផុត ចំពោះមន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ

នៅព្រឹកមិញថ្ងៃទី ៣ ខែ កក្កដា ២០២០ ក្នុងពេលចាប់ផ្តើមបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា ចំពោះមន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋហើយរិះរកកលល្បិចនិងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។ ចំពោះប្លង់រឹងដែលបានធ្វេីដោយអំពេីឃុបឃិតទុច្ចរិតគឺ នឹរំលាយចោលវិញ។

ជាក់ស្តែង នៅថ្ងៃទី ៣ កក្កដា ២០២០ នេះ ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជានិងបញ្ជាក់ច្បាស់ៗជូន រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី គឺត្រូវតែកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម…ដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយ។

ព្រោះកន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ។ នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋអោយភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ ទន្ទឹមនឹងនេះ សូមកុំអោយពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមខ្លះនៅជិតៗដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ។

ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវដោះស្រាយអោយដាច់ស្រេចក្នុងតែប៉ុន្មានខែខាងមុខដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះត្រូវធ្វើអោយបានហ្មត់ចត់និងត្រឹមត្រូវបំផុត៕

សម្តេចតេជោ បញ្ជាអោយក្រសួងកាត់ដីជូនពលរដ្ឋ ឈ្នះឈ្នះទាំងអស់គ្នា រដ្ឋក៏ឈ្នះ ពលរដ្ឋក៏ឈ្នះ នឹងសុខសប្បាយទាំងអស់គ្នា ។ ដូចសាធារណះជនបានឃើញស្រាប់កាលពីពេលថ្មីៗនេះ សម្តេចតេជោ បានដកគ្រវែងចោល អភិបាលស្រុកកោះក្រឡ ខេត្តបាត់ដំបងជាគំរូស្រាប់ ហើយសំណុំរឿងនោះមិនទាន់ចប់នៅឡើយទេ តើអ្នកណាខ្លះដែលជាប់ពាក់ព័ន្ធនឹងរឿងមិនប្រក្រតីនោះ?

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង៕

Written by