រឿងរ៉ាវអាថ៌កំបាំងមួយចំនួនទាក់ទងនឹងភ្នំគូលែនដែលអ្នកមិនដែលដឹង(មានវីដេអូ)

ភ្នំគូលេន ទីដែលបានផ្តល់កំណើតដល់អារ្យធម៌អង្គរអោយមានភាពល្បីល្បាញ និងមានឥទ្ធិពលរាប់សតវត្សនៅអាសុីអគ្នេយ៍ ជាពិសេសនៅតែស្ថិតក្នុងភាពអាថ៌កំបាំងនៃជំនឿរបស់ប្រជាជនខ្មែរ

ភ្នំគូលេន ជាតំបន់ភ្នំ ដែលមានឈ្មោះទៅតាមការហៅរបស់អ្នកស្រុក ដោយយកតាមឈ្មោះនៃរុក្ខជាតិមួយប្រភេទ ហៅថា គូលេន (Letchis ឈ្មោះជាភាសាបារាំង) មានដុះលូតលាស់នៅទីនោះ ។ ភ្នំនេះមានទីតាំងស្ថិតនៅចំទិសឦសាន និងមានចំងាយប្រមាណ៤០គ.ម ពីទីរួមខេត្តសៀមរាប ។ អ្នកធម្មជាតិវិទ្យាបារាំងបានចាត់ទុក ភ្នំគូលេន ថាជាខ្ពង់រាបដែលមានកំពស់ប្រែប្រួលពី៣០០ ទៅ៤០០ម និងមានបណ្តោយជាង៤០គ.ម ដោយសណ្តូកលើអ័ក្ស ដែលមានទិសដៅពីទិសពាយ័ព្យទៅទិសអគ្នេយ៍។ ចំណែកខ្នងភ្នំវិញមានសណ្ឋានជាវាលរាបលាតសន្ធឹងតាមបណ្តោយជួរភ្នំ និងមានខ្យល់អាកាសល្អ សម្រួលដល់ការតាំងទីលំនៅរបស់សហគមន៍មនុស្ស ។

ដោយសារទីតាំងភូមិសាស្រ្ត និងលក្ខខណ្ឌល្អប្រសើរពីធម្មជាតិ តំបន់ភ្នំគូលេន បានក្លាយទៅជាប្រភពធនធាន ដ៏មានសារៈសំខាន់ និងពោរពេញទៅដោយសក្តានុពលខ្ពស់ទាំងខាងផ្នែកវប្បធម៌ និង ធម្មជាតិ ។ ជាពិសេស អ្នកសិក្សាស្រាវជ្រាវស្ទើរគ្រប់សម័យកាលតែងបានពោលអះអាងថា “ភ្នំគូលេនបាន ផ្តល់កំណើតដល់អារ្យធម៌អង្គរ ដែលមានភាពល្បីល្បាញ និងមានឥទ្ធិពលរាប់សតវត្សនៅអាស៊ីអគ្នេយ៍” ។

តាមប្រភពរឿងនិទាន៖ នៅព្រះរាជាណាចក្រកម្ពុជា ភ្នំភាគច្រើនដែលស្ថិតនៅតាមទំនាបកណ្តាលតែងមានប្រវត្តិ ឬរឿងព្រេងដំណាលពីដើមកំណើត ឬអំពីព្រឹត្តិការណ៍ផ្សេងៗ ដែលកើតមាននៅក្នុងសង្គមខ្មែរ ហើយត្រូវបាននិទានតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់មានដូចជា “ភ្នំនាងកងរី” ក្នុងខេត្តកំពង់ឆ្នាំ “ភ្នំសំពៅ” ក្នុងខេត្តបាត់ដំបង ឬ”ភ្នំសន្ទុក” ក្នុងខេត្តកំពង់ធំ ជាដើម។

រឿងរ៉ាវទាក់ទងនឹងភ្នំគូលេនត្រូវបានអ្នកស្រុក ដែលចេះចាំតៗគ្នា ដំណាលឲ្យដឹងថា វាជាកោះមួយស្ថិតនៅកណ្តាលសមុទ្រ ដែលសំពៅទាំងឡាយតែងមកចូលចតនៅទីនោះ ជាពិសេស សំពៅមកពី ចិន។ រឿងរ៉ាវបានបញ្ជាក់ទៀតថា នៅថ្ងៃមួយហេតុការអាក្រក់បានកើតឡើង គឺការកើតមានព្យុះយ៉ាងខ្លាំងបានបោកបក់ ធ្វើឲ្យសំពៅចិនលិចនៅទីនោះ។ តាមរយៈរឿងព្រេងនិទាននេះ អ្នកស្រុកបានសន្និដ្ឋានតៗគ្នាថា រុក្ខជាតិទាំងឡាយ ដែលមានដុះនៅលើភ្នំនោះកើតមានដោយសារពូជនៃធញ្ញជាតិផ្សេងៗ ដែលបានដឹកតាមសំពៅចិន និងលិចនៅទីនោះ ក្នុងនោះមានពូជ “គូលេន” ជាដើម ។

តាមទិដ្ឋភាពប្រវត្តិសាស្រ្ត៖ ភ្នំគូលេនគឺជាអតីតរាជធានីខ្មែរនៅក្នុងសតវត្សរ៍ទី ៩ មានឈ្មោះថា “មហេន្ទ្របុរ:/មហិន្ទ្របព៌ត” ដែលកសាងឡើងនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ២។ កាលណាគេនិយាយអំពីបុរាណស្ថាន “ភ្នំគូលេន” គេតែងរំលឹកដល់ស្នាព្រះហស្ថរបស់ ព្រះបាទជ័យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រដ៏ល្បីល្បាញមួយព្រះអង្គ ក្នុងសម័យកាលនៃចក្រភពខ្មែរ។ ព្រះអង្គ ទ្រង់បានធ្វើឲ្យមានការផ្លាស់ប្តូរថ្មីមួយនៅក្នុងប្រព័ន្ធគ្រប់គ្រងសង្គមខ្មែរ ក៏ដូចជាខាងផ្នែកជំនឿសាសនា ផងដែរ។ ព្រឹត្តិការណ៍ដែលបានកើតឡើងនាពេលនោះ បានដក់ជាប់ក្នុងផ្នត់គំនិតនៃអ្នកដឹកនាំ ក៏ដូចជាប្រជារាស្រ្តខ្មែរទាំងឡាយ ហើយកិត្តិនាមរបស់ព្រះអង្គក៏មានភាពល្បីរន្ទឺ នៅសម័យកាលក្រោយៗមក ។

សិលាចារឹកស្តុកកក់ធំ ដែលចារនៅសម័យក្រោយ បានបញ្ចាក់ឲ្យដឹងថា នៅចុងសតវត្សទី៨ ព្រះបាទជ័យវរ្ម័នទី២ បានធ្វើការបង្រួបបង្រួមនូវក្រុមមនុស្សដែលបានបំបែកទឹកដី ឲ្យទៅជានគរតូចទាំងឡាយឲ្យមករួបរួមគ្នាវិញ និងឈានទៅបង្កើតអាណាចក្រមួយ ប្រកបដោយឥទ្ធិពលនៅក្នុងតំបន់ ។ ក្រោយពីសម្រេចបាននូវការបង្រួបបង្រួមនេះ ព្រះអង្គបានសម្រេចព្រះទ័យ ជ្រើសរើសយកភ្នំគូលេន ដើម្បីរៀបចំពិធីទេវរាជ នៅឆ្នាំ៨០២ ក្នុងបំណងប្រកាសពីការបង្រួបបង្រួមជាតិ និងការមានឯករាជ្យ ដោយបានបញ្ជាក់ថា ចាប់ពីពេលនេះទៅ អាណាចក្រខ្មែរលែងចំណុះឲ្យជ្វាទៀតហើយ ។ តាមរយៈ ពិធីនេះ ព្រះអង្គបានក្លាយទៅជាព្រះមហាក្សត្រ ដែលជាស្តេចចក្រពត្តិ នៅចក្រភពខ្មែរ ។ ព្រះមហាក្សត្រ ខ្មែរក្រោយៗមកទៀតបានយកគំរូតាម ដោយបានធ្វើការរៀបចំពិធីគោរព “សិវលឹង្គ” ដែលជាវត្ថុពិសិដ្ឋ សម្រាប់រាជ ដើម្បីក្លាយជាស្តេចគ្រប់គ្រងទឹកដី ។ វត្ថុពិសិដ្ឋសម្រាប់រាជនេះមានឈ្មោះថា “កម្រតេង-ជកត-ត-រាជ” មានន័យថា “ទេពនៃព្រះរាជា”។

ចាប់តាំងពីរាជព្រះបាទជ័យវរ្ម័នទី២នេះតទៅ ចក្រភពខ្មែរបានក្លាយទៅជាអាណាចក្រដ៏រឹងមាំ និងមានទំហំធំ ដោយស្ថិតក្រោមអំណាចនៃព្រះរាជាតែមួយអង្គគត់។ ប៉ុន្តែ បន្ទាប់ពីបានគង់នៅមួយរយៈពេលលើរាជធានីភ្នំគូលេ ព្រះបាទជ័យវរ្មន័ទី២ ទ្រង់បានយាងចុះមកគង់នៅរាជធានី”ហរិហរាល័យ”សារជាថ្មី ដែលមានទីតាំងស្ថិតនៅតំបន់រលួសសព្វថ្ងៃ។ ព្រះអង្គបានគង់នៅទីហរិហរាល័យ រហូតដល់ចូលទីវង្គត។ ក្រោយពេលសុគតទៅ ព្រះបាទជ័យវរ្ម័នទី២ទទួលបានមរណនាមថា “បរមេសូរ” (បរម+ឥសូរ) មានន័យថា វិញ្ញាណក្ខន្ធរបស់ព្រះអង្គបានយាងទៅសោយសុខនៅស្ថានព្រះឥសូរ។

ប្រវត្តិនៃការស្រាវជ្រាវតំបន់ភ្នំគូលេន៖ នៅពាក់កណ្តាលសតវត្សទី១៩ អ្នកសិក្សាស្រាវជ្រាវរបស់បារាំងបានផ្តើមស្វែងយល់អំពីកម្ពុជា ហើយជាដំបូងគេត្រូវយល់ដឹងអំពីទីតាំងភូមិសាស្រ្ត ។ លោក ហង់រី មូហូត (H.Mouhot) ជាមនុស្សដំបូង គេ ដែលបានស្រាវជ្រាវ និងកត់ត្រាព័ត៌មានត្រួសៗអំពីតំបន់ភ្នំគូលេន ។ នៅពេលនោះ លោកបានរៀបរាប់ ត្រួសៗអំពីភូមិសាស្រ្តនៃតំបន់ភ្នំគូលេន ដោយបានបញ្ជាក់ថា តំបន់នេះសម្បូរទៅដោយថ្មភក់ និងមាន សហគមន៍មនុស្សរស់នៅតាមរបៀបបុរាណ ។

តាមរយៈព័ត៌មាននេះ អ្នកស្រាវជ្រាវបារាំងដទៃទៀតមានការចាប់អារម្មណ៍ និងបានធ្វើការស្រាវ ជ្រាវ រុករកនៅតំបន់ភ្នំគូលេនេះ ជាបន្តបន្ទាប់ ។ រហូតមកដល់ដើមសតវត្សទី២០ ការស្រាវជ្រាវបាន បង្ហាញឲ្យឃើញថា តំបន់ភ្នំគូលេន ជាទីតាំងប្រវត្តិសាស្រ្តមួយ ដែលមានឈ្មោះថា “មហិន្ទ្របព៌ត” ។ ក្នុងនោះមានលោក អៃម៉ូនីញេ (E. Aymonier) និងលោក លុយណេ ដឺឡាហ្សុងគ្យែរ (Lunet Delajonquier) បានកត់ត្រាអំពីប្រាសាទ និងស្ថានីយ៍បុរាណដែលគាត់បានជួបប្រទះនៅទីនោះ ប៉ុន្តែក្នុងចំនួនតិចតួចប៉ុណ្ណោះ ។

រហូតមកដល់ឆ្នាំ ១៩២៧ លោក ហង់រី ប៉ាម៉ង់ត្យេ (H. Parmantier) បានធ្វើការកត់ត្រា និងសិក្សាប្រាសាទមួយចំនួនបន្ថែមទៀត ក្នុងនោះមានប្រាសាទដំរីក្រាប ប្រាសាទអូរផ្អុង ប្រាសាទអ្នកតា និងប្រាសាទក្រហម ជាដើម។ ចាប់ពីពេលនេះទៅ អ្នកស្រាវជ្រាវបារាំងបានបង្កើនការស្វែងយល់អំពីប្រវត្តិសាស្រ្តខ្មែរ ដោយបានសិក្សាលំអិតទៅលើសំណង់ស្ថាបត្យកម្មបុរាណទាំងឡាយ សិលាចារឹក និងរូបបដិមា ជាដើម ។ ដូចជាគេបានធ្វើការជជែកដេញដោលគ្នាអំពីសម័យកាលនៃប្រាសាទបាយ័ន ដែលដំបូងឡើយ គេសន្និដ្ឋានថា ត្រូវបានកសាងឡើងនៅសតវត្សទី៩ ។ តាមរយៈការសិក្សាឡើងវិញ អ្នកជំនាញបារាំងអាចឈានទៅរៀបចំជាថ្មីបាន នូវការដាក់បញ្ចូល ឬកំណត់ប្រាសាទបុរាណទាំងឡាយ ទៅតាមលំដាប់លំដោយនៃសម័យកាលជាក់លាក់ ។

ជាងដប់ឆ្នាំក្រោយមកទៀត រមណីយដ្ឋានភ្នំគូលេនត្រូវបានសិក្សាយ៉ាងហ្មត់ចត់ ពីសំណាក់អ្នក ស្រាវជ្រាវបារាំង។ លោក ហ្វីលីព ស្ទែន (Ph. Stern) ជាអភិរក្សករនៅសារមន្ទីរហ្គីម៉េនៃទីក្រុងប៉ារីស បានលើកយក“បញ្ហាភ្នំគូលេន”មកសិក្សាលំអិត ដោយមានការធ្វើកំណាយស្រាវជ្រាវច្បាស់លាស់។ ការ ធ្វើកំណាយតាមបែបបុរាណវិទ្យា ដើម្បីសិក្សាស្រាវជ្រាវនេះ បានចាប់ផ្តើមឡើង នៅអំឡុងខែមេសា ក្នុងឆ្នាំ១៩៣៦ និងបានជួលកម្មករខ្មែរបួនប្រាំនាក់ចូលរួម សម្រាប់បេសកកម្មនេះ ។ ជាលទ្ធផល ប្រាសាទបុរាណថ្មីចំនួន១៧ត្រូវបានរកឃើញ រួមទាំងវត្ថុបុរាណ និងស្ថានីយ៍បុរាណជាច្រើនទៀត នៅលើ ផ្ទៃដីទំហំ៥គីឡូម៉ែត្រការ៉េ ។ តាមរយៈការស្រាវជ្រាវនេះ គេមានភាពជាក់លាក់ក្នុងការចាត់បញ្ចូលសំណង់ ប្រាសាទបុរាណ រូបចម្លាក់ រួមទាំងស្ថានីយ៍បុរាណ នៅលើភ្នំគូលេន ឲ្យស្ថិតនៅក្នុងសម័យកាលនៃ ព្រះបាទជ័យវរ្ម័នទី២ នាដើមសតវត្សទី៩ ដោយដាក់ឈ្មោះថា “រចនាបទគូលេន” ។

សក្តានុពលវប្បធម៌៖ ដូចបានបញ្ជាក់ជូនខាងលើ ភ្នំគូលេន ជាទីតាំងសក្ការៈមួយ ដែលមានភាពល្បីល្បាញក្នុងប្រវត្តិសាស្រ្ត និងជារាជធានីដំបូងគេនៅក្នុងយុគសម័យអង្គរ ដែលតំណាងឲ្យសុខសន្តិភាព និងការបង្រួបបង្រួមជាតិ បន្ទាប់ពីអាណាចក្រខ្មែរបានចាកផុតពីការគ្រប់គ្រងរបស់ពួកជ្វា ។
តាមរយៈការស្រាវជ្រាវកន្លងមក គេបានរកឃើញជាបន្តបន្ទាប់នូវសំណង់ប្រាសាទបុរាណជាច្រើន នៅលើភ្នំគូលេន មានដូចជា ប្រាសាទដំរីក្រាប ប្រាសាទអូរផ្អុង ប្រាសាទអ្នកតា ប្រាសាទក្រហម ប្រាសាទបួសនាគ ប្រាសាទខ្ទីងស្លាប់ ប្រាសាទរូបអារក្ស ប្រាសាទរោងចិន ប្រាសាទខ្លាឃ្មុំ ប្រាសាទគគី ប្រាសាទអន្លង់ធំ ប្រសាទភ្នំស្រួច ប្រាសាទពាមគ្រែ ប្រសាទដូនមាស និងប្រាសាទជ្រៃ ជាដើម ។ ប្រាសាទទាំងនេះកំពុងស្ថិតនៅក្នុងសភាពទ្រុឌទ្រម ទាមទារនូវការអភិរក្សឲ្យបានដិតដល់ និងជាបន្ទាន់ ផងដែរ។ ក្រៅពីនេះមាន ប្រាសាទមួយចំនួនទៀតបានទទួលរងនូវការខូចខាតស្ទើរទាំងស្រុង នៅសល់តែស្លាកស្នាមគ្រឹះ ឬសំណល់គ្រឿងលំអរស្ថាបត្យកម្មតែប៉ុណ្ណោះ ។

ក្រៅពីសំណង់ប្រាសាទ តំបន់ភ្នំគូលេនបានលាក់ទុកនូវស្ថានីយ៍បុរាណល្អៗជាច្រើនកន្លែងទៀត មានដូចជា ពើង (ផ្ទាំងចម្លាក់ជារូបផ្សេងៗនៅលើជញ្ជាំងថ្មភ្នំ) ជាច្រើនកន្លែងទៀត ជាពិសេស ផ្ទាំងចម្លាក់រូបបដិមា រួមទាំងចម្លាក់លឹង្គព្រះសីវៈជាច្រើន ត្រូវបានឆ្លាក់នៅលើផ្ទាំងសិលា ក្រាលពាសបាតអូរ ដែលមានទឹកហូរឆ្លងកាត់ ។ ចម្លាក់របៀបនេះបង្ហាញពីលក្ខណៈពិសេសគ្មានពីរ នៅព្រះរាជាណាចក្រ កម្ពុជា ដែលដូនតាខ្មែរបានបង្កើតឡើងដើម្បីបំរើឲ្យជំនឿសាសនា ហើយជាវិធីដើម្បី កែរប្រែស្ទឹងសៀមរាបទាំងមូលឲ្យក្លាយទៅជាទន្លេគង្គារ ដែលមានទឹកបរិសុទ្ធ ។ ទីតាងនៃចម្លាក់លឹង្គដ៏ច្រើនស្ថិតនៅបាតនៃប្រភពទឹងទាំងនោះ មានឈ្មោះថា “លឹង្គមួយពាន់” ។

ដូចនេះ ភ្នំគូលេន ជារមណីយដ្ឋានប្រវត្តិសាស្រ្តមួយ ដែលជាដើមកំណើតនៃអារ្យធម៌អង្គរ។ សំណង់ប្រាសាទជាច្រើន ដែលមានការតុបតែងលំអរប្លែកៗ ត្រូវបានកសាងឡើងនៅទីនោះ ហើយអ្នក ស្រាវជ្រាវចាត់ទុកថា ជាការចាប់ផ្តើមនៃទំរង់ស្ថាបត្យកម្មថ្មីមួយ តភ្ជាប់ពីសិល្បៈសម័យមុនអង្គរ និងសម័យអង្គរ។ ប្រាសាទនៃរចនាគូលេនភាគច្រើនត្រូវបានកសាងឡើងអំពីឥដ្ឋ និងស្ថិតនៅដាច់ៗពីគ្នា ជាទំរង់ប្រាសាទទោល ។ ប្រាសាទខ្លះ (ភាគតិច) មានប្រាង្គបីស្ថិតនៅលើខឿនតែមួយ។

អស់រយះកាលជាងមួយពាន់ឆ្នាំមកហើយ ដែលជំនឿ ទំនៀមទម្លាប់ និងភាពស័ក្តិសិទ្ធនៃទីកន្លែងមួយនេះ (ភ្នំគូលេន)នៅតែស្ថិតក្នុងភាពអាថ៌កំបាំងនៃជំនឿរបស់ប្រជាជនខ្មែរគ្រប់រូប។

សូមទស្សនាវីដេអូនៅខាងក្រោមនេះ

ប្រភពៈ គេហទំព័រក្រសួងបរិស្ថាន

Written by