ជីវិតនិងសង្គម

ក្តៅៗ! ក្រសួងសុខាភិបាល សម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយរកឃើញស្រ្តីម្នាក់ផ្ទុកមេរោគកូវីដ១៩ ដែលបានចូលទៅកាន់ផ្សារនេះ

ភ្នំពេញ៖ គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០៨នាក់ (ស្រី្ត ៦៣នាក់ និងបុរស ២៤៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ០៩នាក់៕

នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្រ្តីខ្មែរមួយរូប ត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗនេះក្រសួងសុខាភិបាល ក៏បាន និងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៉ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថ្លែងប្រាប់ ឱ្យដឹងនៅមុននេះបន្តិចនាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ការសម្រេចបិទផ្សារអ៉ីអន១ រយៈពេលប៉ុន្មានថ្ងៃសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ បន្តទៀត។

ស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ នេះជាការបញ្ជាក់បន្ថែមពីលោកស្រី យក់ សម្បត្តិ។