ចាប់ផ្តើមរបរលក់ដីដំបូង គ្មានសូម្បីតែម៉ូតូជិះ ខ្ចីម៉ូតូប្អូនជិះ ជិះម៉ូតូកាត់ភ្លៀងបណ្តើរ ដួលបណ្តើរ យំបណ្តើរ ចេះតែលួងខ្លួនឯងមករហូត រហូតក្លាយទៅជាម្ចាស់អចលនទ្រព្យមួយយ៉ាងធំ ក្នុងប្រទេសកម្ពុជា

“ជីវិត​គឺ​ជា​ការ​តស៊ូ” ពាក្យ​មួយ​ឃ្លា​នេះ​ហើយ​ដែល​បុគ្គល​ជោគជ័យ​គ្រប់​រូប តែង​ប្រើ​ដើម្បី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង និង​ព្យាយាម​ពុះពារ​ឧបសគ្គ​ឆ្ពោះ​ទៅ​មុខ​រហូត​សម្រេច​គោល​ដៅ​តាម​ចិត្ត​ប្រាថ្នា។ ជា​ការ​ពិត​ណាស់ មិន​មែន​ការ​តស៊ូ​ទាំង​អស់​សុទ្ធតែ​បាន​សម្រេច​នោះ​ទេ ប៉ុន្តែ​គ្រប់​ការ​សម្រេច​ជោគជ័យ​ទាំង​អស់​តែង​តែ​កើត​ចេញ​ពី​ការ​តស៊ូ។

ជាក់ស្តែង ដូចបងស្រីម្នាក់ ដែលគាត់មានឈ្មោះ អានី ដួងចិត្ត បានចាប់ផ្តើមរបរលក់ដីដំបូង គ្មានសូម្បីតែម៉ូតូជិះ ខ្ចីម៉ូតូប្អូនជិះ ជិះម៉ូតូកាត់ភ្លៀងបណ្តើរ ដួលបណ្តើរ យំបណ្តើរ ចេះតែលួងខ្លួនឯងមករហូត រហូតក្លាយទៅជាម្ចាស់អចលនទ្រព្យមួយយ៉ាងធំ ក្នុងប្រទេសកម្ពុជា ។ ដោយគាត់បានសរសេររៀបរាប់នៅលើបណ្តាញសង្គមរបស់គាត់ថា៖

“ឆាកជីវិត! គេឡើងដល់ណា គេធ្លាក់ដល់ណា កុំយកពេលយើង ខួរក្បាលយើងទៅគិតពីគេ ផលដែលគេបាន គេបានមកដោយប្រឹងប្រែងបំផុត នឿយហត់បំផុត ហើយតស៊ូបំផុត ចាប់ផ្តើមរបរលក់ដីនេះដំបូង ខ្ញុំគ្មានសូម្បីតែម៉ូតូជិះ(ខ្ចីម៉ូតូប្អូនជិះ) តែខ្ញុំនៅតែធ្វើថៅកែគេបាន ព្រោះខ្ញុំលក់ទំនុកចិត្តនឹងភាពស្មោះត្រង់ជូនភ្ញៀវជាមុន (ព្រឹកម៉ោង៦ដល់កន្លែងធ្វើការ យប់ម៉ោង៨ មកដល់បន្ទប់ជួល៤ម៉ែត្ររបស់ខ្ញុំវិញ) សួរថាខ្ញុំតូចចិត្តទេ? No ព្រោះអ្វីដែលខ្ញុំមាន វាជាញើសឈាមរបស់ខ្ញុំ ដែលបានមកពីការសាងរបស់ខ្ញុំ អត់ដែលតូចចិត្តទេ ហើយក៏មិនដែលប្រាថ្នាខ្ពស់ សុំតែរស់ដោយមិនឈឺចាប់ នឹង មិនអោយអ្នកណាម្នាក់ក្តៅក្រហាយជាមួយខ្លួនឡើយ នោះហៅថាសុខរបស់ខ្ញុំហើយ។

ខ្ញុំពេញចិត្តនឹងអ្វីដែលខ្លួនមាន ទោះក្រ រឺមាន គឺថ្លៃជានិច្ច កាលនុងដីគេ ១៨មុឺនដុល្លារជាង ហ៊ានខ្ចីលុយម៉ែ 6000$ ប្រថុយ ៦ខែក្រោយមកមានដីជារបស់ខ្លួន៤កន្លែងតែមិនហ៊ានជួលបុគ្គលិកប្រើផង ខ្លាចអត់លុយអោយគេ ខ្លាចគេដឹងរឿងខ្លួន(ថៅកែជិះtoday) មានតែ ហែកបុងដីខ្លួនឯង លើកស្លាកលក់ដីខ្លួនឯង ជីកបង្គោលព្រំដីដាំខ្លួនឯង ឯកសារ រត់ខ្លួនឯងតាំងពីក្រោមដល់លើក៏ខ្លួនឯង hmmm..។

គិតត្រលប់ទៅវិញគឺអរគុណខ្លួនឯងខ្លាំងបំផុត ដែលធ្លាប់លក់តែម្នាស់សោះ ចេះទៅរួចនឹងជំនួញដីធ្លីនឹងគេដែរ ពេលដែលជិះម៉ូតូកាត់ភ្លៀងបណ្តើរ ដួលបណ្តើរ យំបណ្តើរ ចេះតែលួងខ្លួនឯងមករហូតថា ថ្ងៃណាមួយជីវិតយើងនឹងល្អដូចគេដែរ កុំតែខ្ជឹលនឹងគោរពលើភាពស្មោះត្រង់ទៅគឺបានហើយវេទនាណាស់ ត្រីខ១កំប៉ុងសុី៣ពេល ចេះតែរស់ដល់សព្វថ្ងៃនេះកើតដែរ ខ្ញុំនៅតែជាខ្ញុំ ទោះថ្ងៃនេះ រឺថ្ងៃស្អែក”។

Written by