ប្រាសាទអង្គរវត្តខ្មែរយើង គឺជាសំណង់អច្ឆរិយដ៏អស្ចារ្យដែលមានតែមួយគ្មាន២ លើលោកនេះ ដែលដូនតាខ្មែរយើងបន្សល់ទុកអោយមកដល់សព្វថ្ងៃនេះ និងមានតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ។ ហើយក្រៅពីមានចំណុចដ៏អស្ចារ្យជាច្រើន គឺនៅមានស្រមោលចម្រឹងបង្អួចនៃប្រាសាទអង្គរវត្តខ្មែរយើង ដែលយើងគ្រប់គ្នាមិនដែលនឹកស្មានថា បុព្វបុរសខ្មែរយើងអាចគិតបានដល់ឡើយ។ ចម្រឹងនៃបង្អួចរបស់ប្រាសាទអង្គរវត្តនៃខេត្តសៀមរាបនោះ គឺបានបង្កប់នូវអាថ៌កំបាំងដ៏អស្ចារ្យមួយ ដែលយើងគ្រប់គ្នាភាគច្រើនមិនបានចាប់អារម្មណ៍នោះទេ នៅពេលដែលយើងបានទៅលេងអង្គរវត្ត ម្ដងៗ។
បើតាមលោក កាន់ សុខម៉េង ដែលជាមគ្គុទ្ទេសក៍ប្រចាំប្រាសាទអង្គរវត្ត លោកបានបកស្រាយពីអាថ៌កំបាំងនោះថា ស្រមោលពន្លឺថ្ងៃ ដែលបានជះចូលមកតាមចន្លោះចម្រឹងបង្អួចនៃប្រាសាទអង្គរវត្ត គឺជាប្រាសាទកំពូលប្រាំ និងកំពូល៣ របស់ប្រាសាទផ្ទាល់តែម្ដង។
ហើយភាពអស្ចារ្យនេះ គឺពិតជាគំនិតច្នៃប្រឌិតដ៏អស្ចារ្យរបស់ដូនតាខ្មែរយើង ដែលបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ។ ចំនុចរឹតតែពិសេសទៅទៀតនោះ គឺស្រមោលនៃចម្រឹងនោះ បានបង្ហាញអោយឃើញជាកំពូលប្រាសាទឆ្លាស់គ្នាយ៉ាងប្រណិត និងពោរពេញទៅដោយក្បូរក្បាច់រចនាដ៏ល្អឯកទៀតផង។
ក្នុងនាមយើងជាកូនខ្មែរ ត្រូវដឹងពីភាពអស្ចារ្យរបស់ប្រាសាទអង្គរវត្តខ្មែរយើងអោយបានច្រើន ដើម្បីបង្ហាញទៅកាន់បរទេស និង សូមជួយចែករំលែកអត្ថបទនេះទាំងអស់គ្នាផង ដើម្បីអោយកូនខ្មែរគ្រប់រូបបានដឹង ពីភាពអាថ៌កំបាំងដ៏អស្ចារ្យមួយនេះ នៃប្រាសាទអង្គរវត្តខ្មែរយើង និងត្រូវថែរក្សាសម្បត្តិមរតកដ៏មានតម្លៃនេះ ឱ្យបានគង់វង្សតរៀងទៅ៕